វេបសាយឬតំបន់បណ្ដាញនេះ ហៅថា "សំវេគ និង បសាទ — ពិធីស្មូត្រធម៌បទខ្មែរ" ផ្ដល់ឧកាសឲ្យអស់លោកអ្នកអាចស្តាប់និងសិក្សាអំពីការស្មូត្រធម៌បទតាមប្រពៃណីខ្មែរ ។ "សំវេគ និង បសាទ" តាមគំនិតដើមជាសៀវភៅរួមមានស៊ីឌី ៣-៤ ថាសកំដរផង ក៏ប៉ុន្តែដើម្បីឲ្យមនុស្សកាន់តែច្រើនតាមប្រទេសអន្តរជាតិនានាអាចស្គាល់និងឃើញតម្លៃនៃប្រពៃណីស្មូត្រធម៌បទរបស់ខ្មែរ យើងបង្កើតជាតំបន់បណ្ដាញឥតគិតថ្លៃវិញជាជំហានដំបូង។
លោក ត្រេន្ត វ៉ក់ឃ័រ (Trent Walker) ជានិស្សិតថ្នាក់បណ្ឌិតខាងពុទ្ធិកសិក្សានៅសកលវិទ្យាល័យនៃរដ្ឋកាលីហ្វ័រនីញ៉ាប៊ើកលី (University of California, Berkeley) បានបង្កើត "សំវេគ និង បសាទ" ដោយមានបទពិសោធន៍ធ្លាប់រៀននិងស្រាវជ្រាវខាងការស្មូត្រធម៌បទខ្មែរតាំងពីឆ្នាំ ២០០៥ នោះមក។ នេះជាលើកដំបូងដែលសាធារណជនអាចមើលនិងស្តាប់នូវសេចក្តីប្រែជាភាសាអង់គ្លេសនៃធម៌បទខ្មែរផ្សេងៗ បកប្រែដោយលោកត្រេន្ត។
នៅពេលនេះ "សំវេគ និង បសាទ" ជាតំបន់បណ្ដាញតែប៉ុណ្ណោះ ។ ដើម្បីទាក់ទងជាមួយយើងខ្ញុំតាមរយៈផ្សេង់ៗ សូមទស្សនាទំព័របណ្ដាញ "ទាក់ទង" ។